May the four blessings of the Buddha-Long life, beauty, health and power-be upon you all forever...!

Friday, October 14, 2011

​បុណ្យកឋិន

រឿងរ៉ាវ​​ទាក់ទង​នឹង​បុណ្យកឋិន

អត្ថន័យ​នៃ​បុណ្យកឋិន
         តាម​អដ្ឋកថា​សំដៅ​យក​ព្រះពុទ្ធដីកា ដែល​ព្រះពុទ្ធ​ទ្រង់​បាន​បញ្ញត្តិ​ទុក​មក​ថា​កឋិន​គឺ​ការប្រជុំ​រួម​នូវ​ រូបធម៌ និង​នាមធម៌ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​អត្ថន័យ​ពីរ​យ៉ាង​គឺ៖
        ១. រស់​បាន​ដោយ​កម្រ​សម​ដូច​វិគ្គហៈ​ថា កថតិ កិច្ឆេន ជីវតីតិ កឋិនោ។ ប្រែ​ថា សភាវៈ​ឯណា​រស់​បាន​ដោយ​កម្រសភាវៈ​នោះ​ហៅថា​កឋិន​ព្រោះ​លោក​ប្រៀបប្រដូច​ជា​ឈើ​ស្នឹង ដែល​បុគ្គល​កាត់​ចាកចេញ​ពី​ដើម ហើយ​យក​ទៅ​បោះភ្ជាប់​នឹង​ដី​រមែង​ដុះ​លូតលាស់​ឬ​រស់នៅ​បាន​ដោយ​កម្រ​យ៉ាងណា​ ឯ​កិច្ច ដែល​នឹង​កើតឡើង ឬ​តាំង​ឡើង​ជា​កឋិន​ពេញទី គឺ​បាន​ដោយ​កម្រ​ពន់ពេក​ណាស់​ក៏​យ៉ាង​នោះ​ដែរ។ ពោល​សរសើរ​ព្រោះ​ចីវរ​ទាន ដែល​យើង​កសាង​ជា​កឋិន​នោះ ជា​ទាន​វិសេស​ជាង​ទាន​ដទៃ ដែល​ព្រះអរិយ​ទាំងឡាយ​មាន​ព្រះសម្ពុទ្ធ ជា​ប្រធាន​តែង​ពោល​សរសើរ​ថា​ជា​ទាន​ដ៏​វិសេស​អាច​រួបរួម ឬ​ក៏​សង្គ្រោះ​នូវ​អានិសង្ស​៥​យ៉ាង​របស់​ភិក្ខុ​អ្នក​ក្រាលគ្រង​មិន​ឱ្យ​ទៅ​គ្រង​នៅ​ទី​ដទៃ​បាន​។សម​ដូច​វិគ្គហៈ​ថា​បញ្ចអានិសំសេអញ្ញត្ថគន្តុំអទត្វាកឋិតិ សង្គណ្ហាតីតិ។ ប្រែ​ថា​ធម្មជាតិ​ឯណា​ក្រៀក​ទុក​ឬ​សង្គ្រោះ​នូវ​អានិសង្ស​ទាំង​៥​យ៉ាង​មិន​ឱ្យ​ទៅ​ក្នុង​ទី​ដទៃ​បាន ធម្មជាតិ​នោះ​ឈ្មោះ​ថា​កឋិន។កឋិន​នេះ​អាច​ឱ្យ​សម្រេច​ដល់​បុគ្គល​ទាំងពីរ​ផ្នែក​គឺ៖
ទាយក
        ២.ឬ​ទាយិកា គឺជា​អ្នក​ឱ្យ​។ ជន​នោះ​រមែង​ទទួល​អានិសង្ស​ច្រើន ទទួល​ផល​ច្រើន ក្នុង​អនាគតកាល មាន​ការ​ទទួល​នូវ​សម្បត្តិ​ក្នុង​ឋាន​ទេវលោក​ជាដើមបដិគ្គាហកៈ ភិក្ខុ ឬបុគ្គលឬសង្ឃជា​អ្នកទទួល​ក្រាលគ្រងនិង​អនុមោទនា​កឋិន​ត្រូវ​បាន​សម្រេច​នូវ​អានិសង្ស ៥​យ៉ាង​ពេញលេញ គ្រប់គ្រាន់ដរាប​ដល់​រយៈកាល​នៃ​កឋិន​ខេត្ត​។ ពិធី​ដែល​ទាយក-ទាយិកានាំ​យក​សំពត់​កឋិន​ទៅ​ប្រគេន​ចំពោះ​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំវស្សាអស់​មួយ​ត្រីមាស(៣ខែ)ក្នុង​អាវាស(វត្ត)ណាមួយ និង​នៅ​ពេលណា​មួយ​ក្នុង​កំណាត់ ២៩​ថ្ងៃ (ចាប់ពី​ថ្ងៃ១​រោចខែ​អស្សុជ​រហូតដល់​ថ្ងៃ​១៥​កើត​ពេញ​បូណ៌មី​ខែ​កត្តិក) ឱ្យ​លោក​ក្រាលគ្រង​មាន​ឈ្មោះ​ថា​បុណ្យកឋិនឬ កឋិនទាន។
ពាក្យ កឋិន មានន័យ​ថា “​កម្រ​” ដែល​មាន​សេចក្តី​ប្រៀបធៀប​ដូចជា​មែកឈើ ដែល​គេ​កាត់​ចេញពី​ដើម យក​ទៅ​ដោត​ក្នុង​ដីរមែង​ចាប់ប្ញ​សដុះ​មែកលាស់​ត្រួយ​បាន​ដោយ​កម្រ​ណាស់យ៉ាងណាមិញឯ​កឋិនក៏​ជា​កិច្ច​មួយ​ដែល​គេ​ធ្វើ​បាន​ដោយ​កម្រ​យ៉ាង​នោះដែរ។
កឋិនជា​កិច្ច​មួយ​ដែល​មានចែង​នៅក្នុង​វិន័យ​បញ្ញត្តិ គឺ​មិន​មែ​ជា​ប្រភេទ​បុណ្យប្រពៃណី​របស់​អ្នក​គោរព​រាប់អាន​ព្រះពុទ្ធសាសនា​ដូចជា​បុណ្យ​ភ្ជុំបិណ្ឌនិងបុណ្យផ្កា​ជា​ដើម ឡើយ។ ទោះយ៉ាងណាគេ​ឃើញ​ថាកិច្ច​នៃ​កឋិន​នេះក៏​បាន​ក្លាយ​ជា​បុណ្យ​មួយ​ផង​ដែរ។ កឋិនជា​បុណ្យនិងជា​កិច្ច​ដែល​មាន​ធ្វើ​តែ​នៅក្នុង​បណ្តា​ប្រទេស​គោរព​រាប់អានព្រះពុទ្ធសាសនានិកាយ​ថេរវាទ(​ហីណ​យាន)ប៉ុណ្ណោះចំណែក​នៅក្នុងមហា សង្ឃិកៈ (​មហា​យាន )មិន​មាន​ធ្វើ​ឡើយ ។
​​កឋិន​ជា​ប្រភេទ​បុណ្យ​ចីវរ​ប្បច្ច័យ​ម្យ៉ាង​ដែរប៉ុន្តែ​ជា​បុណ្យ​ដែល​មាន​លក្ខណៈ​ពិសេស​ជាង​បុណ្យ​ចីវរ​ប្បច្ច័យឯទៀតៗដោយហេតុ​បុណ្យកឋិនត្រូវតែ​ប្រកបដោយ​អង្គ​ពិសេសៗ​ជាច្រើនហើយ​មិន​អាច​ខ្វះ​មួយណា​បានឡើយ បើ​មាន​ខ្វះ​ចំណុច​ណាមួយ កិច្ច​នៃ​បុណ្យ​នោះ មិន​អាច​ឡើង​ជា​កឋិន​ឡើយ ។ ឯ​ធាតុ​សំខាន់ៗ​នោះ​គឺ​៖
​ ​-​ចីវរ​៖ ចីវរ ត្រូវតែ​មាន​លក្ខណៈសម្បត្តិ​ត្រឹមត្រូវ​តាម​ពុទ្ធ​ប្បញ្ញត្តិ មិន​អាច​ធ្វើ​លំៗ​បានឡើយ។​
​ -​អ្នកទទួល​៖អ្នកទទួលអ្នក​ក្រាល​គ្រងនិងអនុ​មោទនាត្រូវតែ​ជា​ភិក្ខុរីឯ​សាមណេរមិន​អាច​ទទួល​កឋិន​បានឡើយ​។​
​ ​-​ភិក្ខុ​៖ ភិក្ខុ​អ្នកទទួលត្រូវតែ​ជា​ភិក្ខុ​ដែល​បាន​គង់​ចាំ​វស្សា​រយៈពេល​៣​ខែ​ពេញលេញ​បរិ​បូរយ៉ាង​ត្រឹមត្រូវតាម​ពុទ្ធ​ប្បញ្ញត្តិមិនបាន​ធ្វើ​អោយ​ដាច់​វស្សា ហើយ​ជា​ភិក្ខុ​មិន​មាន​ការទាស់ទែង​ខ្វែងគំនិត​គ្នា ជា​ភិក្ខុ ចូល​បរិ​មិក​វស្សា គឺ​ចូល​វស្សា​លើក​ទី​១​នៃ​ឆ្នាំ​។
​ -​ចំនូ​ន​នៃ​ការទទួល​៖ សម្រាប់​ភិក្ខុ​មួយរូប អាច​ទទួល​កឋិន​បាន​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំខុស​ពី​បុណ្យចីវរ​ប្បច្ច័យ​ដទៃទៀត ដែល​ភិក្ខុ​អាច​ទទួល​នៅ​ពេល​ណា​ក៏បានហើយ​ទទួល​ប៉ុន្មាន​ដង​ក៏បាន​។​
-​ចំនួន​នៃ​ការធ្វើ​៖ សម្រាប់​វត្ត​មួយ​អាច​ធ្វើ​កឋិន​បាន​តែ​ម្តង​ប៉ុណ្ណោះ ក្នុង​១​ឆ្នាំ។​
​ -​រយៈពេល​ធ្វើ​៖ រយៈពេល​ដែល​គេ​អាច​ធ្វើ​កឋិន​បាន មាន​ត្រឹមតែ​២៩​ថៃ្ង​ប៉ុណ្ណោះ​សម្រាប់​រយៈពេល​១​ឆ្នាំគឺចាប់ពី​ថៃ្ង​មួយ​រោច​ខែ​អស្សុជដល់​ថៃ​១៥​កើត​ខែកត្តិក (​ចន្លោះ​ពី​ខែតុលានិងវិច្ឆិកា)​។​
កឋិន​ត្រូវបានធ្វើ​តាំងពី​សម័យ​ពុទ្ធកាលគឺ​នៅក្នុង​មច្ឆឹមពោធិកា​ល​មកម្ល៉េះ។ នៅក្នុង​គម្ពីរ​វិន័យ​បិដក​ភាគ​៨ មហា​វគ្គ តិតិ​យ​ភាគ កឋិន​ក្ខ​ន្ធ​កៈ មាន​ដំណាល​អំពី​មូលហេតុ​ដែលនាំអោយ​ជា​កឋិន​នេះ​ថា មាន​ភិក្ខុ​៣០​រូប​បាន​នាំគ្នា និមន្ត​ទៅ​ចូលគាល់ ថ្វាយបង្គំ​ព្រះពុទ្ធ​ដែល​គង់នៅ​ក្នុង​វត្ត​ជេតពន ជិត​ក្រុង​សា​វត្ថី។ ប៉ុន្តែ​មិន​ទាន់​បាន​ទៅ​ដល់​ផង ក៏​ដល់ពេល​ចូល​វស្សា។ ពួក​ភិក្ខុ​ទាំងនោះបាននាំគ្នា​បវរ​ណា​ចូល​វស្សានៅ​ពាក់ កណ្តាល​ផ្លូវ ដោយ​មានក្តី​អផ្សុ​កដោយ គិត​ថា​ពួកខ្លួន​បាន​មក​ជិត​ដល់​ទៅហើយ គឺ​នៅ​ចំងាយ​ពី​ព្រះពុទ្ធ​តែ​៦​យោជន៍​ទៀត​ប៉ុណ្ណោះ។ លុះ​ពេល​ចេញ​វស្សា ក៏​បាន​នាំគ្នា​និមន្ត​បន្តដំណើរ។ ដោយហេតុ​បន្ទាប់ពី​ពេលចេញ​វស្សា​ភ្លាមជា​រដូវ​ដែលមាន​ភ្លៀង​ធ្លាក់​នៅ​ឡើយហើយ​ពួក​ភិក្ខុ​ទាំងនោះដោយហេតុតែ​ចង់​ចូលគាល់​ព្រះពុទ្ធ​ពេក ក៏​ចូល​គាល់​ព្រះអង្គ​ទាំង​ចីវរ​ទទឹកជោគនិងរងារ​ញ័រញាក់។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​បានធ្វើ​សេចក្តី​រាក់ទាក់​ចំពោះ​ពួក​ភិក្ខុ​ទាំងនោះដោយ​ការសាកសួរ​សុខទុក្ខ​....​។ រួច​ទើប​ព្រះអង្គ​ត្រិះរិះ​ថា បើ​តថាគតបាន​អនុញ្ញាត្ត​អោយ​មាន​កឋិន​នោះម្ល៉េះ​សម​ភិក្ខុ​ទាំងឡាយ​នឹង​បាន​ធូរស្រាល​បន្តិច។ ​ព្រះអង្គ​ក៏​បាន​ប្រមើល​មើល​បវេណី​របស់​ព្រះពុទ្ធ​មុនៗ​មកក៏​បាន​ឃើញ​ថាព្រះពុទ្ធ​មុនៗក៏​សុទ្ធតែ​បាន អនុញ្ញាត្ត​អោយ​មាន​កឋិន​ដែរទើប​ព្រះអង្គ​ត្រាស់​ហៅ​ពួក​ភិក្ខុ​ទាំងឡាយ​មក​ជួបជុំគ្នា ហើយ​ទ្រង់​ប្រកាសថា ម្នាល​ភិក្ខុ ទាំងឡាយ​តថាគត​អនុញ្ញាត្ត​អោយ​ពួក​ភិក្ខុ​ទាំងឡាយ​ដែល​បាន​នៅ​ចាំ​វស្សា​ហើយក្រាលកឋិន​បាន។ ម្នាល​ភិក្ខុ​ទាំងឡាយកាល​បើ​អ្នក​ទាំងឡាយបាន​ក្រាលកឋិន​ហើយនឹង​សម្រេច​អានិសង្ស​៥​យ៉ាង​គឺ៖
​ក​-ភិក្ខុ​អាច​ត្រាច់​ទៅណាដោយ​ពុំ​ចាំបាច់​លា​ភិក្ខុ​ផង​គ្នា​
​ ​ខ​-ភិក្ខុ​ត្រាច់​ទៅណាដោយ​ពុំ​ចាំបាច់​យក​ត្រៃចីវរ​គ្រប់​ប្រដាប់​
​ ​គ​-ឆាន់​គណ​ភោជន៍​បាន​
​ ឃ​-ទុកដាក់​អតិរេកចីវរ​បាន​តាម​ត្រូវការ​
​ ​ង​- ចីវរ​ដែល​កើតឡើង​នៅក្នុង​អា​វាសណា ចីវរ​នោះ មាន​ដល់​ភិក្ខុ​ទាំងនោះ
(​ដើម្បី​អោយដឹងថា តើ​អានិសង្ស​នេះ មាន​សារសំខាន់​យ៉ាងណា​នោះ ចូរ​សិក្សា​មើល​នៅ​ក្នុង​សៀវភៅភិក្ខុ​បាតិមោក្ខ)។​
​អានិសង្ស​ទាំង​៥​យ៉ាងនេះជាហេតុ​ជួយ​សម្រាល​ដល់​បន្ទុករ​បស់​បព្វជិត គឺ​អ្នកបួស​ក្នុង​ព្រះពុទ្ធសាសនាបាន​ខ្លះហើយ​អានិសង្ស​នេះ​មាន​រយៈពេល​៥​ខែ គិត​ចាប់ថៃ្ង​ដែល​បាន​ទទួល​កឋិន​រហូតដល់​ថៃ​១៥​កើត​ខែផល្គុណ។
លោក ​អ្នកប្រាជ្ញ​ទាំងឡាយ​រមែង​ពោល​សរសើរ​នូវ​កឋិន ថា​ជា​វិនយ​កិច្ច និង ជា​ទាន​ពិសេស និង ធ្វើ​បាន​ដោយ​កម្រ ជាពិសេស​អាច​ជួយ​សម្រាល​បន្ទុក​ដល់​ភិក្ខុសង្ឃ​បាន​ផង បែបនេះ ទើប​កឋិន​ជា​ទាន​មាន​អានិសង្ស​ច្រើន ជាង​ចីវរ​ទាន​ឯទៀតៗ ។ ​អ្នកខ្លះ​បាន​លើកឡើង​ថា ប្រសិន​បើ​វត្ត​ណា​មិន​មាន​ការ​ហែរ​កឋិន​ចូល​រយៈពេល​៣​ឆ្នាំ នោះ​នឹង​ត្រូវ​រំលាយ​វត្ត​នោះ​ចោល។ រឿងនេះយើង​មិន​មាន​ឃើញ​ចែង​នៅក្នុង​គម្ពីរ​ណាមួយ​នៃ​ព្រះពុទ្ធសាសនា​ទេ ។
​ព្រះ​ភិក្ខុ ព្រះ​ញាណវង្ស ឃឹម សន បាន​មាន​ព្រះ​ថេរ​ដីកា​ថា “​ចំពោះ​វត្ត​ណា​មិន​មាន​ការ​ហែរ​កឋិន​ចូល ឬ មិន​មាន​ធ្វើ​កឋិន(​ទោះ​រយៈពេល​ប៉ុន្មនា​ឆ្នាំក៏ដោយ )​ក៏​គ្មាន​បញ្ហា​អ្វី​ដែរគ្រាន់​តែ​ព្រះសង្ឃ​ដែល​គង់​នៅក្នុង​អារាម​នោះមិន​បាន​ទទួល​អានិសង្ស៥ (ដូចដែល​បាន​រៀបរាប់​មក​ខាង​ដើម) តែប៉ុណ្ណោះ​”​។
​ពាក្យ​ច​ចាម​អារាម​ខ្លះ​ដែល​មិន​គួរ​មើលរំលង​បាន​លើកឡើង​ថាអ្នក​ធ្វើ​បុណ្យ​កឋិន ធ្វើអោយ​“​ដាក់ខ្លួន​” និង មាន​អាយុ​ខ្លី ឬ ឆាប់​ស្លាប់។ យើង​មិន​ហ៊ាន​អះអាង​យ៉ាង​ណា​នៅឡើយ​ទេ ប៉ុន្តែ​បើ​តាម​ការបង្រៀន​របស់​ព្រះពុទ្ធសាសនា ទស្សនៈ​នេះ​មិន​ត្រឹមត្រូវ​ទេ​។ អ្នកខ្លះ​យល់​ថាគំនិត​ខាងលើនេះជា​ទស្សនៈ​របស់​មនុស្ស​ដែល​មានទុ​ទិដ្ឋិ​ចំពោះ​ព្រះពុទ្ធសាសនាប្រឌិត​ឡើង​សំដៅ​បន្ទុច​បង្អាក់​អ្នក​ជ្រះថ្លា​ចំពោះ​ព្រះពុទ្ធសាសនា​តែប៉ុណ្ណោះ។
ទស្សនវិជ្ជា​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ទស្សនៈ​គ្រឹះរបស់​ព្រះពុទ្ធ​បាន​បង្រៀន​ថា​“សង្ខារ​ធម៌ទាំងឡាយជា​របស់​មិន​ទៀងទាត់​”​។ ហេតុ​នេះ​តាម​ការពិតសេចក្តីស្លាប់​រមែងតែងតែ​នៅ​ក្បែរ​ខ្លួន​មនុស្ស​ចំងាយមិន​ដល់​មួយ​គ្រាប់ស្រូវ​ផង​ទេ ហើយ​វា​តែងតែ​កើតឡើង​ចំពោះ​មនុស្សមិន​រើសមុខមិន​រង់ចាំ​កាលមិន​ដែល​គិតថា​បុគ្គល​ចាស់ ក្មេង​ពេកអ្នក​បាន​ធ្វើ​កឋិនឬមិនបាន​ធ្វើ​ឡើយ។ សេចក្តីស្លាប់​អាច​កើតឡើង​គ្រប់​វិនាទី គ្រប់​ដង្ហើមចេញចូលគឺថាប្រសិនបើ​ខ្យល់​ដកដង្ហើម​ចូលក្នុង​ខ្លួន​ហើយ មិន​ចេញ​មក​វិញឬចេញ​ហើយ​មិន​ចូល​ទៅ​វិញ​ទេនោះក៏​មុខជា​ស្លាប់។ តើ​នរណា​ទៅ​ហ្ន៎ ដឹងថា សេចក្តី ស្លាប់​កើតឡើង​ចំពោះ​បុគ្គល​ណា នៅពេលណា និង ដោយ​របៀប​ណា​នោះ ។ នេះ​យើង​មិនទាន់​គិតដល់​សេចក្តីស្លាប់​ដែល​កើតឡើង​ដោយ​ជំងឺ ដោយ​គ្រោះថ្នាក់​ផ្សេងៗនិងដោយ​ការ​បៀតបៀន​គ្នា​ផង​ទេ។ ​បើ​តាម​ទស្សនៈ​ព្រះពុទ្ធសាសនា គួរតែ​និយាយថាបុគ្គល​ធ្វើ​កឋិននឹង​មាន​អាយុ​យឺនយូរព្រោះ​បាន​សាង​បុណ្យ​កុសលជា ហេតុ​ធ្វើអោយ​ព្រះ​ភិក្ខុសង្ឃ​ដែល​ជា​អ្នកទ្រទ្រង់​សីលមាន​ការធូរស្រាលនិងជួយ​លើក​តំកើង​សម្បត្តិ​វប្បធម៌​ជាតិនិងនាំមក​នូវ​មោទនភាព​ជាតិ​ផង​..​។
​រាប់រយ​ពាន់​ឆ្នាំ​មកហើយយើង​បានដឹង​តៗ​គ្នានិងបាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ថាអ្នក​ធ្វើ​បុណ្យ​កឋិនមាន​អាយុ​យឺនយូររក​ទទួលទាន​មានបានកាក់កបសុខសាន្តត្រាណ ជួបជុំ​គ្រួសារ​រហូត​ចាស់​សក់ស្កូវ។​
​លោក​ជ័យសុវត្ថិជា​សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្ត្រនិងសាសនានៃ​ពុទ្ធិកវិទ្យាល័យ ប៊ូរ គ្រី បាន​មានប្រសាសន៍ថា​“​ទស្សនៈ​ដែលថា ធ្វើ​កឋិន​មាន​អាយុ​ខ្លី ឬ ដាក់​ខ្លួន​នោះ ជា​ការយល់​ច្រឡំ​ចំពោះ​ទស្សនៈ​ចាស់​បុរាណ ពី​សំណាក់​មនុស្ស​ក្រោយៗ​មកនិងមនុស្ស​បច្ចុប្បន្ន​នេះ​តែប៉ុណ្ណោះ ”​។
ស្រដៀង​គ្នា​នេះដែរ លោក សៀង ណាត ជា​អតីតៈសមណ​និស្សិត​បញ្ចប់​បរិញ្ញាប​ត្រ ផ្នែក​ទស្សនវិជ្ជា​ព្រះពុទ្ធសាសនានៃពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជនិង បរិញ្ញាបត្រ​នីតិសាស្ត្រនៃសាកលវិទ្យាល័យបៀ​ល​ប្រា​យបាន​ពន្យល់ថា​“​កាល​ពី​បុរាណស្រុក​ខ្មែរ​យើង​មិន​ទាន់​ជឿនលឿនហេតុ​នេះ​បើ​គេ​ចង់​ធ្វើ​បុណ្យ​កឋិន​នោះគេ​ត្រូវ​ជំនះ​នូវ​ក្តី​នឿយ​លំបាក​យ៉ាងច្រើនដូចជា​ត្រូវ​ធ្វើដំណើរ​ទៅ​ទិញ​កំណាត់ វាស់វែង​កំណាត់កាត់ដេរ​ជា​ស្បង់​ចីពរហើយ​ត្រូវ​ស្វែងរក​សួរនាំ​ពី​លោក​អ្នកចេះដឹង ដើម្បី​ដេរ​អោយ​ត្រឹមត្រូវ​តាម​ខ្នាតតាម​ទំហំជ្រលក់ពណ៌​..... រហូត​ដល់​ប្រមែប្រមូល​សាច់ញាតិ មិត្តភក្តិ​ពី​គ្រប់ទិសទីនិងទិញ​សម្ភារៈ​ផ្សេងៗ​មាន​បាត្រឆ័ត្រនិងគ្រែ​ជា​ដើមដែល​ប្រការ​នេះត្រូវ​ចំណាយពេលវេលា​រាប់​ខែក្នុង​ការគិតគូរផ្ចុងផ្តើមផ្គូរ​ផ្គងនិងចាត់ចែង​ទាំង​កំលាំងកាយភាព​អត់ធ្មត់និងក្តីព្យាយាម​យ៉ាង​ខ្ជាប់ខ្ជួនហត់នឿយ​ស្ទើរតែ​ដេក​មិន​លក់ មិន​បាន​សម្រាកហើយ​ការងារ​ទាំងនេះមិនមែន​បុគ្គល​ណា​តែ​ម្នាក់ឯង​អាចធ្វើ​បាន​ឡើយ គឺ​តែងតែ​ប្រមូល​គ្នីគ្នា​ជួយ​ទើប​អាច​សម្រច​ទៅ​រួច និង ចំណាយធនធាន​ផ្សេងៗ​យ៉ាងច្រើន។ គេ​ត្រូវ​ចំណាយ​ទ្រព្យសម្បត្តិ ធនធាន​ដែល​មាន​ស្រាប់ និង រវល់​មិនបាន​ប្រកប​ការងារ​មុខរបរ​ដើម្បី​រក​ទ្រព្យ​ថ្មីជាហេតុ​ធ្វើអោយ​គេ​ចាត់ទុកថា “​ដាក់ ខ្លួន​” ព្រួយ នឿយ​លំបាកអ្នកខ្លះ​ដោយហេតុតែ​ផ្តោតអារម្មណ៍​ខ្វល់​នឹង​កឋិន​ពេក​រហូត​ដេក​មិន​លក់នាំ​អោយ​ខ្សោយ​សុខភាព”។​ ថ្វី​ត្បិត​ការបកស្រាយ​ខាងលើ​នេះ មិនទាន់មាន​ឯកសា​រយោង​អោយបាន​ច្បាស់លាស់ហើយ​យើង​ក៏​មិន​ទាន់​ហ៊ាន​អះអាង​ថា ត្រឹមត្រូវ​មួយ​រយ​ភាគរយ​ក៏​ពិតមែនប៉ុន្តែ​យើង​យល់ថាជា​ការ​គួរអោយ​យក​គតិ​គ្រឹះ​សម្រាប់ វិនិច្ឆ័យ​ចំពោះ​ពាក្យ​ចា​ចាម​អារាម​អកុសល​នេះ​ដែរ។ តាមរយៈ​ការបកស្រាយ​នេះ យើង​ក៏​បាន​ឃើញ​ផងដែរ​ថាការ​នឿយ​លំបាក​យ៉ាង​ធ្ងន់​ធរ​នេះជា​រឿង​អតីតកាល ចំណែក​បច្ចុប្បន្ននេះយើង​មិន​សូវ​នឿយ​លំបាក​បែប​នោះ​ទៀត​ឡើយត្បិត​មាន​សម្ភារៈ​នានា​ដូចជា​សំពត់​កឋិន​គឺ​ស្បង់​ចីព​រ​ជាដើម​សុទ្ធតែ​មានលក់​ស្រាប់ ហើយ​ការទំនាក់ទំនង​ទៀតសោតក៏​ងាយស្រួល​ច្រើន​ជាង​មុន​ដែរ។ ហេតុនេះ​សប្បុរស​ទាំងឡាយ​គួរតែ​គ្មានអ្វី​ព្រួយ​រឿង​“​ដាក់ខ្លួន​” និង “​អាយុ​ខ្លី​”​ទៀត​ទេ។ យើង​មិន​ហ៊ា​បដិសេធទេប៉ុន្តែ​យើង​បាន​ពិចារណា​សព្វ​ទិស​ទៅក៏​នៅ​រក​មិនឃើញ​សោះ​ឡើយ​ថា ការ​ធ្វើ​បុណ្យ​កឋិន កាត់​លាភ និងថយ​អាយុ​នោះ។​
ផលប្រយោជន៍នៃកឋិន​
​ ​កឋិន ជា​កិច្ច​មួយ​ដ៏​សំខាន់​ក្នុង​ព្រះពុទ្ធសាសនា ហេតុនេះ លោកអ្នក​សប្បុរស​ទាំង​ឡាយ​ណា បាន​ធ្វើ​កឋិន ,ចូលរួមចំណែក ឬ ជួយ​ខ្នះខ្នែង​ក្នុង​កឋិន សុទ្ធតែ​ជា​អ្នក​មាន​ឈ្មោះ​ថា​បាន​ចូលរួមចំណែក​ក្នុង​ការថែរក្សា កា​ពារ និង ​លើក​តំកើង​ព្រះពុទ្ធសាសនា​អោយ​ស្ថិតស្ថេរគង់វង្សនិងរុងរឿង។
​ពេល​ធ្វើ​កឋិនក្រៅ​អំពី​សំពត់​កឋិន​ទៅ នៅ​មាន​សម្ភារៈប្រើប្រាស់អាហារ និង ថវិកា ជា​ដើម​ផង។ សម្ភារៈ​ទាំងនោះ​នឹង​បាន​ជា​ប្រយោជន៍​ដល់​ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ក្មេង​វត្តនិងជន​ឥត​ទីពឹង​ពំនាក់​ផ្សេងទៀត។ ក្រៅ​ពី​ប្រើប្រាស់និងចាត់ចែង​ក្នុង​វត្ត​ទៅនៅ​មាន​វត្ត​ជា​ច្រើនបាន​យក​របស់​ទាំងនោះទៅប្រើ​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ ដូចជា សាង​សាលារៀន ស្ពាន ថ្នល់ សាលា​សំណាក់ និង អាគារ​...៕

No comments:

Post a Comment